Rean Ruos Podcast
Rean Ruos Podcast

Rean Ruos Podcast

Monyputhy Ly

Overview
Episodes

Details

សូមស្វាគមន៍មកកាន់ Rean Ruos Podcast (រៀនរស់ផតខាស់) ដែលផ្តោតទៅលើការអប់រំជីវិត។ ដើម្បីជួយអ្នកបិទគម្លាតរវាងសាលានិងជីវិតជាក់ស្តែង ពុទ្ធិនឹងចែករំលែកទាក់ទងពីចំណេះដឹងចាំបាច់ ដែលសាលាជាច្រើនភ្លេចបង្រៀន ដូចជាភាពរីករាយ ភាពរឹងមាំ ភាពអត់ធ្មត់ ភាពច្នៃប្រឌិត ផលិតភាព...។ល។ តស់ចូលរួមស្តាប់ទាំងអស់គ្នា ដើម្បីស្វែងយល់ពីមធ្យោបាយនិងវិធីសាស្រ្តសម្រាប់ដឹកនាំជីវិតមួយដែលពោរពេញទៅដោយការរីកចម្រើន ហើយដរាបណានៅរស់រៀន រៀនរស់​។ ------------------------- ពុទ្ធិ ជាគ្រូបង្វឹក អ្នកនិពន្ធ និងវាគ្មិនទាក់ទងពីការអប់រំផ្នែកជីវិត។ ទៅតាម ”រៀនរស់ផតខាស់” (Rean Ruos Podcast) ដែលជាផតខាស់ជាប់លេខ ១ ក្នុងផ្នែកអប់រំនៅកម្ពុជា គាត់បានជួយមិត្តអ្នកស្តាប់រាប់ម៉ឺននាក់ក្នុងការសម្រួលភាពលំបាកក្នុងជីវិត ទៅតាមការអភិវឌ្ឍន៍ខ្លួន។ ------------------------- 💬 ការចែករំលែកពីមិត្តអ្នកស្តាប់៖ - ”ខ្ញុំបានផ្លាស់ប្តូរខ្លួនឯង 90ដឺក្រេ ទាំងរបៀបគិត និងរបៀបមេីលមកខ្លួនឯង។” - ”នៅពេលនោះខ្ញុំក៏សាកល្បងអនុវត្តតាមដោយផ្តាច់ចោលនូវគ្រឿងស្រវឹងទាំងអស់ ដោយហេតុខ្ញុំពិតជាចង់មានការគិតដែលស៊ីជម្រៅ និងស្រាយចម្ងល់ខ្លួនឯងថា តើស្រាពិតជាជះផល់លំបាកដល់ខ្ញុំកម្រិតណា។ គិតមកត្រឹមថ្ងៃនេះគឺមានរយៈពេល៦ខែហើយ ដែលផ្តាច់មិនផឹកស្រា។ រឿងនេះបានធ្វើឲ្យខ្ញុំផ្លាស់ប្តូរច្រើនណាស់ ដែលសំខាន់ជាងគេគឺចិត្តរបស់ខ្ញុំមានសភាពស្ងប់ជាងមុន ឯទម្លាប់រៀននិងអភិវឌ្ឍន៍ខ្លួនដែលកន្លងមកខ្ញុំតែងតែបរាជ័យក្នុងការបង្កើត នៅពេលនេះខ្ញុំក៏អាចធ្វើវាបាន។ ខ្ញុំកាន់តែស្រឡាញ់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន ខ្ញុំអភ័យទោសអោយអ្នកដទៃច្រើន។ ទាំងនេះក៏ដោយសារបានស្តាប់គំនិតល្អៗដែលបងបានចែលរំលែកឲ្យ។ ខ្ញុំពិតជាអរគុណបងយ៉ាងខ្លាំង បងគឺជាគ្រូម្នាក់របស់ខ្ញុំដែលបង្ហាញខ្ញុំពីរបៀបរស់នៅថ្មីមួយដែលរីកចម្រើនទៅមុខ និងមានភាពស្ងប់ស្ងាត់។” - ”ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៌អានសៀវភៅជាច្រើន ... ហើយខ្ញុំក៏បានធ្វើ និងបន្តធ្វើរឿងមួយចំនួនសំរាប់ខ្លួនខ្ញុំនិងសហគមន៍ខ្ញុំផងដែរ។” - ”អរគុណណាស់ ពុទ្ធិ សម្រាប់ការបំផុសគំនិតទាំងនេះ។ ទាំងនោះពិតជាជួយខ្ញុំក្នុងការផ្លាស់ប្តូរផ្ត់គំនិតក្នុងជីវិត ហើយជំរុញខ្ញុំឱ្យមានភាពក្លាហានក្នុងការប្រើប្រាស់ទេពកោសល្យខ្លួនមកសរសេរសៀវភៅដែលខ្ញុំចង់សរសេរយូរហើយ។” - ”ផតខាស់នេះធ្វើឱ្យខ្ញុំអាចយកពេលមកគិតទៅលើព័ត៌មានផ្សេងៗដែលទទួលបានពីការរៀនឬក៏ការអានសៀវភៅ ហើយកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទជាងមុន ព្រោះអីឱ្យតែពេលមានអារម្មណ៍ថាធុញតែងតែទាញទូរស័ព្ទមកលេងដើម្បីបំបាត់ភាពអផ្សុក ហើយមួយទៀតខ្ញុំមានភាពច្នៃប្រឌិតជាងមុន រកឃើញនូវគំនិតថ្មីៗផងដែរ។” - ”រាល់ពេលដែលខ្ញុំបាត់បង់ភាពជាខ្លួនឯង មិនដឹងត្រូវធ្វើអ្វីតទៅទៀត ខ្ញុំតែងតែនឹកឃើញសម្តីបងពុទ្ធិមុនគេគឺ ’បន្តដើរទៅមុខម្តងបន្តិចៗ បញ្ចេញនូវភាពខ្លាំងរបស់ខ្លួន ជាជាងទុកវាចោល’។” - ”បងពុទ្ធិបានជួយខ្ញុំពីភាពអាប់អួរក្នុងជីវិត។ ផតខាស់នេះជាផតខាស់តែមួយគត់ដែលខ្ញុំស្តាប់ និងស្តាប់ឡើងវិញម្តងហើយម្តងទៀត។” - ”ខ្ញុំរៀនបានច្រើនពីផតខាស់នេះ។ ខ្ញុំចាប់ផ្តើមអានសៀវភៅ គិតវិជ្ជមាន និងឈប់ខ្វល់ខ្វាយលើអ្វីដែលមិនចាំបាច់ ហើយក៏ផ្លាស់ប្តូរទម្លាប់របស់ខ្ញុំផងដែរ។”

Recent Episodes

អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot
MAY 12, 2026
អ៊ីនធឺណិតស៊ីខួរ សម័យ Brain Rot
អ្នកធ្លាប់បើកទូរស័ព្ទ រួចភ្លេចថាចង់ធ្វើអ្វីអត់? នោះមិនមែនជារឿងតូចទេ។ វាអាចជា Brain Rot — ស្ថានភាពដែលខួរក្បាលរបស់យើងចាប់ផ្តើមបាត់បងសមត្ថភាព ធ្វើមុខងារដែលវាគួរពូកែទៅលើ។ កត្តានេះកើតឡើងដោយសារការមានទម្លាប់មើលតែមាតិកាខ្លីៗ ការឆ្លាស់សកម្មភាពញឹកញាប់ពេក  និងការពឹងពាក់ទៅលើបច្ចេកវិទ្យាជ្រុលក្នុងការគិតឱ្យយើង។ នៅក្នុងវគ្គនេះ យើងនិយាយអំពី៖ Brain Rot ជាអ្វី ហើយវាកើតឡើងយ៉ាងដូចម្តេច? ហេតុអ្វីការប្តូរសកម្មភាពញឹកញាប់ពេកធ្វើឱ្យយើងអស់កម្លាំងទាំងមិនដឹងខ្លួន? ភាពខុសគ្នារវាង ប្រើបច្ចេកវិទ្យា និង ត្រូវបានបច្ចេកវិទ្យាប្រើ របៀបការពារសមត្ថភាពខួរក្បាលខ្លួន និងហ្វឹកហាត់វាឱ្យនៅចេះគិតបានល្អ អ៊ីនធឺណិតជាឧបករណ៍ — មិនមែនជាម្ចាស់របស់យើងទេ។ យើងត្រូវប្រើវា មិនមែនឱ្យវាប្រើយើងឡើយ។ តស់ ចូលរួមស្តាប់វគ្គថ្មីនេះ ហើយចាប់ផ្តើមគិតជាខ្លួនឯងម្តងទៀត។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
play-circle icon
18 MIN
យូរទៅលែងចេះគិតដោយខ្លួនឯង?
MAY 6, 2026
យូរទៅលែងចេះគិតដោយខ្លួនឯង?
ក្នុងវគ្គនេះ យើងពិភាក្សាអំពីឥទ្ធិពលនៃការប្រើប្រាស់បណ្តាញសង្គម មកលើការគិតរបស់យើង។ ទម្លាប់តែស្តាប់ពីគំនិតអ្នកដទៃ រហូតដល់តែលែងចេះគិតដោយខ្លួនឯង និងមានភាពក្លាហានក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន។ កុំនិយាយដល់ "Critical Thinking" ប៉ុន្តែសូម្បីតែខ្លួនគិតអ្វី ក៏យើងមួយចំនួនលែងដឹងដែរ។ យូរទៅ ដល់ថ្នាក់សូម្បីតែមើលវីដេអូណាមួយហើយ យើងមើលទៅលើការចែករំលែក (Comment) ពីអ្នកដទៃ ដើម្បីដឹងថាគួរមានមតិបែបណាទៅលើមាតិកាមួយនេះ? ការគិតខ្ញុំយ៉ាងណាគឺមិនសំខាន់ឡើយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្វីដែលមនុស្សទូទៅគិត។ ជាពិសេស ការគិតដែលមានអ្នកចូលចិត្តច្រើនជាងគេ។ ទេ កុំបែបនេះអី។ គួរណារៀនគិតដោយខ្លួនឯងឡើងវិញ។ មេរៀនគោលនៃវគ្គនេះ៖ របៀបបណ្តាញសង្គមដឹងនាំការគិតយើង ទាំងមិនដឹងខ្លួន បញ្ហានៃការជឿអ្នកដទៃ ច្រើនជាការជឿខ្លួនឯង របៀបបង្កើតឯករាជ្យភាព មកលើការគិតរបស់ខ្លួន ក្នុងពិភពលោកឌីជីថល វគ្គនេះនឹងជួយអ្នកឆ្លុះបញ្ចាំងឱ្យស៊ីជម្រៅ ទៅលើសមត្ថភាពនៃការគិតត្រិះរិះ និងការយល់ពីខ្លួនឯង។ តស់ ស្តាប់ទាំងអស់គ្នា ដើម្បីឈ្វេងយល់បន្ថែម។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
play-circle icon
35 MIN
អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ
APR 12, 2026
អារម្មណ៍កក់ក្តៅរម្លាយភាពឯកោ
ចូលឆ្នាំទៅស្រុក។ ទៅតាមការឱ្យតម្លៃរបស់ខ្មែរក្នុងវេលាបុណ្យប្រពៃណីមួយនេះ យើងតែងឱ្យតម្លៃទៅលើការជួបជុំគ្នា ជាមួយនឹងគ្រួសារសាច់ញាតិ និងមនុស្សជាទីស្រលាញ់ ព្រោះវាជាអ្វីដែលផ្តល់ភាពកក់ក្តៅមកកាន់ជីវិតយើង។ ប៉ុន្តែពេលខ្លះ ជួបមិនដឹងនិយាយអ្វី។ មិនមែនមិនចង់បង្កើតទំនាក់ទំនងទេ ប៉ុន្តែគ្រាន់តែមិនដឹងថាគួរចាប់ផ្តើមពីត្រង់ណា។ ហើយការសន្ទនា និងការទំនាក់ទំនងនេះហើយគឺជាប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះ ព្រោះទំនាក់ទំនងគឺពិតជាចាំបាច់ សម្រាប់យើងជាមនុស្សម្នាក់នៅក្នុងសង្គម។ ជាមួយនឹងការប្រាស្រ័យទាក់ទងត្រឹមត្រូវ ភាពស្និតស្នាល និងភាពកក់ក្តៅក៏មានឡើង ហើយជាមួយនឹងអារម្មណ៍បែបនេះ រាល់កង្វល់ និងអារម្មណ៍ឯកោនានាក៏ត្រូវបានរម្លាយបាត់អស់។ តស់ ចូលរួមស្តាប់ទាំងអស់គ្នា សម្រាប់ការអភិវឌ្ឍសមត្ថភាពខ្លួន ក្នុងការបង្កើតទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រលាញ់។ សុខសប្បាយ កក់ក្តៅ និងត្រជាក់ត្រជំក្នុងថ្ងៃចូលឆ្នាំខ្មែរនេះទាំងអស់គ្នា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
play-circle icon
31 MIN
ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា?
MAR 31, 2026
ក្រៅកែវភ្នែកអ្នកដទៃ តើខ្ញុំជានរណា?
ក្នុងវគ្គនេះ យើងនឹងពិភាក្សាអំពីភាពជាខ្លួនឯង និងឥទ្ធិពលរបស់បណ្តាញសង្គមមកលើការយល់ឃើញរបស់យើងមកលើខ្លួនឯង។ ជាជាងឈ្វេងយល់ពីខ្លួនឯង ជាមួយនឹងការចង់ដឹងចង់យល់ យើងជាច្រើនបែបជាគេចវេសពីការពិត ដើម្បីអាចរត់ទៅតាមអ្វីដែលកំពុងល្បី នៅលើបណ្តាញសង្គមទៅវិញ។ យើងនឹងនិយាយយ៉ាងស៊ីជម្រៅ ទៅលើគំនិត "ស្វែងរកខ្លួនឯង" ដែលពេញនិយមយ៉ាងខ្លាំងជាមួយយុវជនសម័យនេះ។ ប៉ុន្តែជាជាងជួយផ្តល់ជាការយល់ឃើញ ការគិតបែបនេះក៏បែបជាអាចធ្វើឱ្យយើងកាន់តែវង្វេងក៏ថាបាន។ ចំណុចសំខាន់ៗពីវគ្គនេះ៖ ឥទ្ធិពលនៃបណ្តាញសង្គម ទៅលើដំណើរយើងទៅកាន់ការស្គាល់ខ្លួនឯង សម្ពាធក្នុងការរស់ដោយសម្តែងឱ្យអ្នកដទៃមើល ជាជាងរស់ជាខ្លួនឯងពិតមែន ភាពស្មោះត្រង់ជាមួយនឹងខ្លួនឯង និងការអាចទទួលយកខ្លួនឯងពេញលេញ វគ្គនេះនឹងអញ្ជើញអ្នក ក្នុងការចូលរួមគិត និងឆ្លុះបញ្ចាំង ទៅលើថាខ្លួនយើងពិតមែនជាមនុស្សបែបណា។ __________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
play-circle icon
37 MIN
ប្រកួតប្រជែង ដើម្បីអ្វី?
MAR 24, 2026
ប្រកួតប្រជែង ដើម្បីអ្វី?
ក្នុងវគ្គនេះ យើងពិភាក្សាអំពីសម្ពាធ ដែលយើងជាច្រើនមាន ទៅលើភាពជោគជ័យ និងការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃឥតឈប់ឈរ។ មិនថាបានសម្រេចរឿងច្រើនយ៉ាងណាក៏ដោយ យើងក៏អាចនៅតែមានអារម្មណ៍ថាខ្លួនមិនគ្រប់គ្រាន់ ព្រោះនៅលើបណ្តាញសង្គម យើងតែងតែឃើញមនុស្សម្នាក់ផ្សេង ដែលស្អាត និងជោគជ័យជាងយើង។ ដូចពាក្យសុភាសិតថា៖ "ភ្នំមួយខ្ពស់ តែងតែមានភ្នំមួយទៀតដែលកាន់តែខ្ពស់"។ ក្នុងកិច្ចពិភាក្សានេះ យើងបាននិយាយអំពីសារៈសំខាន់នៃការផ្តោតអារម្មណ៍លើគោលបំណងពិតរបស់ខ្លួន ជាជាងរត់តែទៅតាមអ្វីដែលល្បី ឬឡូយ ទៅតាមភាពអ៊ូអររបស់សង្គម។ ចំណុចសំខាន់ៗក្នុងវគ្គនេះរួមមាន៖ ការយល់ដឹងពីមូលហេតុ ដែលយើងប្រៀបធៀបខ្លួនជាមួយអ្នកដទៃជានិច្ច ផលវិបត្តិនៃការប្រៀបធៀប និងការធ្វើជម្រើសទៅតាមភាពភ័យខ្លាច ការចេះទទួលស្គាល់ និងទទួលយកខ្លួនឯង ការបង្កើតតុល្យភាព រវាងការខិតខំ និងការថែទាំងខ្លួនឯង វគ្គនេះផ្តល់ជូននូវការពិភាក្សាដ៏ស៊ីជម្រៅ និងចាក់ដោត សម្រាប់អ្នកដែលមានសម្ពាធយ៉ាងខ្លាំងក្លា ទៅលើភាពជោគជ័យ និងការប្រៀបធៀប។ _________________________ 📫 ចូលរួមតាម Telegram ដើម្បីទទួលបានចំណេះដឹងបន្ថែម៖ www.t.me/reanruos __________________________ 🎓 សម្រាប់វគ្គសិក្សាអំពីជំនាញជីវិត សូមចូលទៅកាន់៖ www.reanruos.com 
play-circle icon
30 MIN